ទី​បំផុតដំណឹង​អំពីអង្គការសប្បុរសរបស់ពួក​យើង​បាន​លេច​លឺ​ដល់សារព័ត៌មាន។ ពួក​យើង​​ត្រូវ​បាន​​​ CambodgeSoir ដែល​ជា​កាសែត​ក្នុង​​ស្រុក​មួយ​​ដែល​ចេញ​ផ្សាយ​​ជា​ភាសា​បារាំងទាក់ទងសម្ភាសន៍អំពីការងារ​របស់អង្គការសប្បុរស Techno Charity ដើម្បី​បោះពុម្ភផ្បាយ​នៅ​លើទំព័រកាសែតរបស់ពួកគេ។  ដើម្បីជួយអោយ​ខាង​ផ្នែកកាសែត​ CambodgeSoir យល់ពី​ការងារ​របស់​ពួកយើង​បាន​ច្បាស់ យើង​​ក៏ឯកភាពគ្នា​ចុះទៅ​ធ្វើទស្សនកិច្ច​នៅ​ភូមិ​ដែល​​ពួក​យើង​​បាន​​ដំណើរ​ការ​​គំរោង​ទីមួយ។

ដូច្នេះ​ហើយ​ទើបបាន​ជា​នៅ​ពេល​ជិត​ដល់បុណ្យចូល​ឆ្នាំ​ថ្មី សមាជិត៦រូបរបស់យើងដែលមាន ​លោក គៀន សុខេន  លោក សែម សំណាង  លោក យីម សកល លោក ផ្លុង ថងរ៉ាក់  លោក វង នីម៉ែត្រ  និង លោក យឺន គន្ធារ័ក ដោយ​រួមដំណើរជាមួយអ្នក​កាសែត​របស់ CambodgeSoir បាន​ទៅធ្វើទស្សនកិច្ចនៅ​ភូមិនោះ។ យើង​ទៅ​កន្លែងដែល អង្គការរបស់​យើង​បាន​សង់​អណ្តូង​ទឹក​ចំនួន​៣​​នោះ។ អ្នក​សារព័ត៌មាន​បាន​សម្ភាសន៍​ក្រុមការងាររបស់យើង ក៏ដូច​ជា​ប្រធាន​ភូមិអំពីការយល់ឃើញរបស់ពួក​គេ​មក​លើ​គំរោងនេះ និង ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​របស់​អ្នក​ភូមិបន្ទាប់​ពី​បាន​ទទួលអណ្តូងទឹក​ពី​អង្គការ Techno Charity។

ពួក​យើង​ក៏បាន​បន្ត​ដំណើរ​ទៅសួរសុខទុក្ខសិស្សានុសិស្សនៅក្លិប Friend Helps Friend ដែល​ជា​កន្លែងអង្គការ Techno Charity ធ្លាប់​ឧបត្ថម្ភជា​សម្ភារៈសិក្សា។ យើង​​បាន​​នាំ​​យក​ទៅ​ជាមួយនូវអំណោយឧបត្ថម្ភដែលបានមក​ពីសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនទៅ​ប្រគល់​​អោយក្លិបផងដែរ។​​ សម្ភារៈ​ទាំង​នោះរួមមាន សៀវភៅ​សរសេ​១៦៨​ក្បាល (១៦០ទំព័រ)  ខ្មៅ​ដៃ​៣៣២​ដើម  ជ័រ​លុប​៦  បន្ទាត់៨ និង ភូគោល១។ លោក សែម សំណាងក៏បានផ្តល់​ជូន​ពួក​គាត់នូវឯកសារមួយចំនួន​ស្តី​អំពីអនាម័យទឹកស្អាត។

រូបភាពអំពីដំណើរ​ទស្សនកិច្ចនេះ សូម​មើលក្នុង “រូបថត” ក្នុង​ ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០០៩

Laeave a Reply