ពួកយើងជានរណា
តិចណូឆារីធី ជាអង្គការសប្បុរសមួយ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៦ដោយវិស្វករហាសិបនាក់ដែលទទួលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC – សាលាតិចណូ) នាឆ្នាំ២០០៣។ បេសកកម្មរបស់អង្គការនេះគឺជួយលើកតម្កើងគុណភាពជីវិតរបស់ប្រជារាស្ត្រដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ នាតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ ពួកបានចុះជួយយ៉ាងសកម្មដល់ប្រជាជនក្រីក្រក្នុងសហគមន៍ដាច់ស្រយាល។ កន្លងមក យើងបានសង់អណ្ដូងទឹកថ្មីៗ ជួសជុលអណ្ដូងទឹកចាស់ ឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងបង្រៀនភាសាអង់គ្លេសក្នុងសហគមន៍ក្រីក្រ។ តាំងពីដើមទីមក ប្រភពមូលនិធីរបស់ពួកយើងពឹងផ្អែកជាចម្បងលើវិភាគទានពីអតីតនិស្សិត មិត្តភក្តិ និងក្រុមគ្រួសារ ។ លក្ខណៈពិសេសរបស់អង្គការនេះគឺ វាដំណើរការដោយក្រុមអ្នកស្ម័គ្រចិត្តដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីជួយកែប្រែមុខមាត់សង្គម។ ចំណេះដឹងនិងបទពិសោធន៍ផ្នែកវិស្វកម្មក្នុងវិស័យផ្សេងៗចម្រុះគ្នា បានជួយសម្រួលដល់ជោគជ័យរបស់ពួកយើងនាពេលកន្លងមក។ គម្រោងរបស់ពួកយើងទៅអនាគតគឺពង្រីកទីតាំងអភិវឌ្ឍន៍ឱ្យបានដល់សហគមន៍ជាច្រើនទៀតនៅទូទាំងប្រទេស។ ទិសដៅធំបំផុតរបស់អង្គការនេះគឺផ្ដល់ទឹកស្អាតដល់អ្នកដែលគ្មានលទ្ធភាពនឹងទទួលបាន នៅពាសពេញផ្ទៃប្រទេស។ នៅប្រាំឆ្នាំខាងមុខ ពួកយើងមានគោលដៅបង្កើនមូលនិធិឱ្យបានដល់ មួយសែនដុល្លារសហរដ្ឋអាមេរិច សម្រាប់គម្រោង “ទឹកស្អាតសម្រាប់ជនក្រីក្រ” ។
.
តើពួកយើងធ្វើការយ៉ាងដូចម្ដេច
ក្នុងគម្រោងសប្បុរសរបស់ពួកយើង យើងបានចាប់ផ្ដើមដោយសិក្សាលើលទ្ធភាពរបស់គម្រោង។ យើងសិក្សាលើស្ថានភាពរបស់អ្នកស្រុក កម្រិតនៃតម្រូវការរបស់ពួកគេ ការប៉ាន់ស្មានតម្លៃ និងពេលវេលាចាំបាច់សម្រាប់ដំណើរការគម្រោងឱ្យប្រសើរបំផុត។ នៅពេលដែលការសិក្សាចេញលទ្ធផលហើយ យើងចាប់ផ្ដើមប្រមូលថវិកាសម្រាប់គម្រោង។ នៅពេលដែលការប្រមូលថវិកាបានចប់សព្វគ្រប់ហើយ យើងនឹងចាប់ផ្ដើមគម្រោងតាមការព្រាងទុក។
ក្រុមការងាររបស់យើងដែលសុទ្ធតែជាវិស្វករមានបទពិសោធន៍នឹងដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពគម្រោង។ យើងនឹងសហការជាមួយអង្គការមិនយកប្រាក់កម្រៃផ្សេងទៀតដែលមានជំនាញក្នុងវិស័យនេះ។ ដើម្បីធានាបាននូវគុណភាពទឹកស្របតាមស្តង់ដាសុវត្ថិភាព យើងនឹងធ្វើការត្រួតពិនិត្យគុណភាពទឹកនៅមន្ទីរពិសោធន៍។ យើងបានសហការគ្នាជាមួយ 1001Fontaines ដែលជាអង្គការមិនយកប្រាក់កម្រៃដែលមានជំនាញខាងទឹកស្អាត ក្នុងការផ្ដល់នូវការពិគ្រោះយោបល់ដោយឥតគិតថ្លៃនិងការបង្ហាត់បង្រៀនប្រជាជនពីទឹកស្អាត។
ការចូលរួមពីសហគមន៍ជាគន្លឹះសំខាន់ក្នុងជោគជ័យរបស់កម្មវិធីនេះក្នុងពេលយូរអង្វែង។ ក្រុមវិស្វកររបស់ពួកយើងនឹងបង្រៀនប្រជាជនពីរបៀបថែទាំអណ្ដូងនិងស្រះនិងការពារមិនឱ្យទឹកអណ្ដូងខូចគុណភាព។ យើងនឹងបន្តផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសនៅពេលចាំបាច់។
.
អ្នកអាចជួយបាន
ទឹកប្រាក់ ប្រាំដុល្លារ ដប់ដុល្លារ ឬម្ភៃដុល្លារ អាចផ្លាស់ប្ដូរជីវភាពមនុស្សបាន។ សូមទាក់ទងពួកយើងឬឧបត្ថម្ភផ្ទាល់តាមរយៈវ៉ិបសាយនេះ។
រួមគ្នាកែប្រែមុខមាត់សង្គម
.
មូលនិធិរបស់តិចណូឆារីធី
តាមរយៈវិភាគទានរបស់អតីតនិស្សិត មិត្តភក្តិ និងក្រុមគ្រួសារ តាំងពីដើមទីមក ពួកយើងប្រមូលបានថវិការហូតដល់ ពីរពាន់ដុល្លារសម្រាប់ប្រើប្រាស់ក្នុងគម្រោងរបស់ពួកយើង។